ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ និង ឯកឧត្តម ហាន ចឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវិដេអូ។
ថ្លែងក្នុងសុន្ទរកថាបើក សម្តេចតេជោ បានគូសរំលេចថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងចិន សម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនចាប់ តាំងពីការចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន ក្នុងឆ្នាំ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានា។
សម្តេច បានលើកឡើងទៀតថា អាស៊ាន និងចិន ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគនានា។ បន្ថែមពីលើនោះ ត្រូវជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)។
ជាមួយគ្នានេះ សម្តេច បានបង្ហាញការជឿជាក់ថា ការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងឆ្នាំ២០២២នេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់ និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់ការលូតលាស់ សេដ្ឋកិច្ច ជាពិសេស នឹងក្លាយជា «ក្របខណ្ឌស្នូល» សម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខផងដែរ។
ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានា នូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីការវិវឌ្ឍន៍ស្ថានភាពសង្គម និងសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ១៩ ផងដែរ និងបានគូសរំលេចថា កម្ពុជា ជាមួយការសម្រេចបាននូវ «ភាពស៊ាំសហគមន៍រឹងមាំ» រាជរដ្ឋាភិបាលបានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ២០២១ មក។ បន្ថែមពីនេះ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ ឱ្យអនុវត្តនូវ «ច្បាប់វិនិយោគថ្មី» «ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថល កម្ពុជា ២០២១-២០៣៥» និង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ។ល។ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា អាស៊ាន-ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយនៅក្នុងតំបន់។ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិន មានរហូតដល់ទៅជិត ៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ចិននាំទៅអាស៊ានមានជិត ៥ពាន់លានដុល្លារអាមេរិក និងនាំចូលពីអាស៊ាន ជិត ៤ពាន់លានដុល្លារអាមេរិក។ ដោយឡែកការវិនិយោគរបស់ចិន នៅអាស៊ាន មានជាង ១៤ពាន់លានដុល្លារ ហើយការវិនិយោគរបស់អាស៊ាន នៅក្នុងប្រទេសចិនវិញ មានជាង ១០ពាន់លានដុល្លារ៕