ភ្នំពេញៈ កម្ពុជា អនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពី«វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា»ដើម្បីបង្កើននូវកាលានុវត្តភាពថ្មីៗដើម្បីស្រូបទាញវិនិយោគិនក្នុង និងក្រៅប្រទេសឱ្យបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ការអនុម័តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធអនឡាញ (Zoom)កាលពីព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកហ៊ុន សែន បានលើកឡើងថា៖«សំណើច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិប្រឈមក្នុងវិស័យនយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយ»។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតាក់តែងឡើងថ្មីនេះគឺដើម្បីជំនួសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា(ចាស់ ) ដែលបានចូលជាធរមានតាំងពីឆ្នាំ១៩៩៤និងឆ្នាំ២០០៣។
សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មីដែលមាន ១២ជំពូក និង ៤២ មាត្រាធ្វើឡើងក្នុងគោលបំណងបង្កើនភាពទាក់ទាញ និងប្រសើរជាងមុននៃការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងសេដ្ឋកិច្ចដែលនឹងបង្កើតក្របខណ្ឌគតិយុត្តដែលមានភាពបើកចំហមានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនក៏ដូចជាពង្រឹងភាពទាក់ទាញ និងសមត្ថភាពបំពេញបន្ថែមជាពិសេសបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាពកម្រិតបច្ចេកវិទ្យា និងបច្ចេកទេសការបង្កើតការងារការបណ្តុះបណ្តាលជំនាញការសិក្សាស្រាវជ្រាវការអភិវឌ្ឍ និងនវានុវត្តន៍ និងសហគ្រាសធុនតូចនិងមធ្យម។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងចំនួន ៧០ជាមួយនឹងទុនវិនិយោគសរុប ២ ៤២៨លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១។ នេះបើតាមការគណនាដោយកាសែតភ្នំពេញប៉ុស្តិ៍ចំពោះតែគម្រោងត្រូវបាន CDC បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការចាប់ពីខែមករាដល់ដំណាច់ខែមិថុនាឆ្នាំនេះ។
ក្នុងចំណោមនេះ CDC បានអនុម័តគម្រោងវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរចំនួន ២៩គម្រោងជាមួយនឹងទុនវិនិយោគសរុប ១៩៤,៧១លានដុល្លារ។
កាលពីឆ្នាំ២០១៩ ការអនុម័តការវិនិយោគបានកត់ត្រា ៩,៤០ពាន់លានដុល្លារក្នុងនោះប្រទេសចិនវិនិយោគ ២,៧៥ពាន់លានដុល្លារបន្ទាប់មកទីក្រុងហុងកុង ៩១២,៥៥លានដុល្លារ និងជប៉ុន ២៩៨,៨៤លានដុល្លារ។ នេះបើតាម CDC៕