ភ្នំពេញៈក្រសួងពាណិជ្ជកម្មអំពាវនាវដល់អ្នកនាំចេញទាំងអស់នៅកម្ពុជាឱ្យចូលរួមផ្តល់ប្រឹក្សាយោបល់ក្នុងដំណើរការរៀបចំសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មីសម្រាប់នាំចូលទំនិញទៅកាន់ចក្រភពអង់គ្លេស។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
សេចក្តីជូនដំណឹងបានផ្សាយនៅថ្ងៃទី១៦ ខែសីហានេះ បានឱ្យដឹងថា ក្នុងដំណើរការនៃការរៀបចំសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មីនេះ ចក្រភពអង់គ្លេសផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធចូលរួមប្រឹក្សាយោបល់សាធារណៈ ប្រមូលធាតុចូល និងសំណូមពរ តាមរយៈការបំពេញនូវកម្រង សំណួរ ដើម្បីចូលរួមកែសម្រួលលក្ខខណ្ឌតម្រូវ និងនីតិវិធី ឱ្យមានលក្ខណៈងាយស្រួល និងសាមញ្ញ ប្រកបដោយ តម្លាភាព និងបរិយាប័ន្ន។
សេចក្តីជូនដំណឹងបន្តថា៖ «បន្ទាប់ពីទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ចក្រភពអង់គ្លេសនឹងពិនិត្យសម្រេច ដាក់ ចេញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅថ្មីមួយ សម្រាប់អនុវត្តនៅឆ្នាំ២០២២ ខាងមុខ»។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មសូមអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ ចូលរួមឆ្លើយនូវកម្រងសំណួរ តាមរយៈគេហទំព័រផ្លូវការhttps://www.gov.uk/government/consultations/designing-the-uk-trade-preferences-scheme-fordeveloping-nations ឱ្យបានត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើសូមឱ្យផលិតករ ឬអ្នកនាំចេញទាំងអស់ ចូលរួមឆ្លើយនូវកម្រងសំណួរខាងលើនេះ»។
កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំនេះ រដ្ឋាភិបាលអង់គ្លេសបានចាប់ផ្តើមធ្វើការពិគ្រោះយោបល់លើច្បាប់ពាណិជ្ជកម្មថ្មីមួយ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប រួមទាំងកម្ពុជា ផងដែរ។
សេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មីនេះ នឹងអនុវត្តចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៧០ នៅពេលបច្ចុប្បន្ន និងរួមទាំងការកែលម្អដូចជា ពន្ធនាំចូលកាន់តែទាប និងច្បាប់នៃលក្ខខណ្ឌតម្រូវប្រភពដើមកាន់តែងាយស្រួលសម្រាប់ប្រទេសជាច្រើន ដែលនាំចេញទំនិញទៅចក្រភពអង់គ្លេសអាចឱ្យប្រទេសទាំងនោះធ្វើពិពិធកម្មការនាំចេញ និងធ្វើឱ្យសេដ្ឋកិច្ចពួកគេរីកចម្រើន។
ផែនការពាណិជ្ជកម្មបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេសនឹងអនុវត្តចំពោះប្រទេសចំនួន ៤៧ ក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCF) និងបណ្ដាប្រទេស ២៣ បន្ថែមទៀតដែលត្រូវចាត់ថ្នាក់ដោយធនាគារពិភពលោក ជាប្រទេសមានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាលំដាប់ជាក់ស្តែងក្នុងរយៈពេល ៥ ខែដើម ២០២១ នេះពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃ ២៥៨,៤៥ លានដុល្លារក្នុងនោះ កម្ពុជានាំចេញទៅចក្រភពអង់គ្លេស ២៣៩,៧៣ លានដុល្លារ ខណៈកម្ពុជានាំចូល ១៨,១៧ លានដុល្លារ៕