ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដល់វិនិយោគិនដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីថ្ងៃទី១១ ខែមករា បាននិយាយថា កម្ពុជាបាននឹងកំពុងធ្វើកិច្ចការជាច្រើនដើម្បីកែលម្អបរិស្ថានវិនិយោគរបស់ខ្លួនសំដៅទាក់ទាញការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូវីដ១៩ និងឱ្យដើរស្របតាមបដិវត្តនៃឧស្សាហកម្ម ៤.០ និងឌីជីថលូបនីយកម្ម។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តក្នុងការជួយសម្រួលដល់ការវិនិយោគ និងសេវាថែទាំវិនិយោគ ដល់វិនិយោគិនទាំងអស់ដោយគ្មានការរើសអើងទៀតផង។
លោកបញ្ជាក់ថា៖«ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការត្រៀមចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងជួយបើកចំហទីផ្សារ និងបង្កើនភាពទាក់ទាញវិនិយោគរបស់កម្ពុជាបន្ថែមទៀត»។
ច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានហើយ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕