ភ្នំពេញ៖ ក្រុមការងាររបស់ Switch Garment រួមជាមួយនឹង វិទ្យាស្ថាន ថាមពលនិងធនធាន (TERI) ព្រមទាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើម សវនកម្មថាមពល រយៈពេលវែង តាមបណ្តារោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៤ខែសីហានេះតទៅ។
សវនកម្មថាមពល របស់គម្រោង Switch Garment នឹងវិភាគអំពី ការប្រើប្រាស់ថាមពល នៅក្នុងរោងចក្រកាត់ដេរ ព្រមទាំងស្វែងយល់ពី ឱកាសក្នុងការសន្សំសំចៃ និងការបង្កើនប្រសិទ្ធភាពផលិតកម្ម។
តាមរយៈគម្រោង Switch Garment សវនកម្មថាមពល នឹងជួយបំភ្លឺ វិថីឆ្ពោះទៅកាន់ការវិនិយោគផ្នែកថាមពលស្អាត តាមបណ្តារោងចក្រនានា។ ក្នុងនោះផងដែរ សវនកម្មថាមពលក៏នឹងជួយកំណត់ វគ្គ បណ្តុះបណ្តាលដែលចាំបាច់នានា សម្រាប់ជួយពង្រីកសមត្ថភាពរោងចក្រក្នុងការប្រើប្រាស់ ថាមពលប្រកបដោយចីរភាព។
នាពេលបច្ចុប្បន្ននេះ ដោយមើលឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់សម្លៀកបំពាក់ដែលចង់កាត់បន្ថយផលប៉ះពាល់ទៅកាន់បរិស្ថាន មកពីការប្រើប្រាស់ប្រើប្រាស់សម្លៀកបំពាក់ រោងចក្រចំនួន៣០ បានចូលរួមជាដៃគូជាមួយនឹងគម្រោងSwitch Garment ហើយ គម្រោងនេះនឹងជ្រើសរើស ២០ រោងចក្រទៀត នៅចុងឆ្នាំនេះ។
លោក លី តេកហេងអគ្គនាយក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលកំពុងដឹកនាំ ការចូលរួមរបស់រោងចក្រនៅក្នុងសវនកម្មនេះ បានមានប្រសាសន៍ថា៖ «នាពេលឥឡូវនេះ ម៉ាកអន្តរជាតិជាច្រើនដែលទទួលទិញ សម្លៀកបំពាក់ពីរោងចក្រនៅកម្ពុជា ផ្តោតជាពិសេសទៅលើ ចីរភាពនៃទំនិញ ដោយសារតែកំណើននៃការយល់ដឹងពីបរិស្ថានរបស់អ្នកប្រើប្រាស់។ ដូច្នេះ ដើម្បីរក្សាភាពប្រកួតប្រជែង វិស័យកាត់ដេរត្រូវតែដើរអោយទាន់ និន្នាការរបស់អ្នកប្រើប្រាស់។»
ជារោងចក្រដំបូងមួយដែលបានចូលរួមនៅក្នុងគម្រោង Switch Garment នាយកគ្រប់គ្រងនៃPPSEC លោកRobert Hwang បានមានប្រសាសន៍ថា៖«ថ្លៃអគ្គិសនីខ្ពស់និងការកើនឡើងនៃតម្រូវការផ្នែកចីរភាពរបស់អ្នកប្រើប្រាស់ គឺជាចំនុចប្រឈម របស់រោងចក្រកាត់ដេរនៅកម្ពុជា។ហើយ ពួកយើងបានចូលរួមក្នុងគម្រោងមួយនេះ ពីព្រោះការគ្រប់គ្រងថាមពលអោយបានល្អមានសារៈសំខាន់ដើម្បីជួយអោយរោងចក្រកាត់ដេរ នៅតែអាចបន្តការប្រកួតប្រជែងនៅលើទីផ្សារបាន។»
យោងតាមធនាគារពិភពលោកឧស្សាហកម្មកាត់ដេរសកល ផលិតដល់ទៅ ១០ % នៃទំហំឧស្ម័នកាបូនសកលប្រចាំឆ្នាំ។នៅប្រទេសកម្ពុជាGGGI បានធ្វើការប៉ាន់ប្រមាណថាការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តថាមពលក្នុងការផលិតសម្លៀកបំពាក់អាចចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅ១៧%៕