សៀមរាប៖ ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម បានចំណាយថិវកា ១៨លានដុល្លារ បង្កើតសួនសត្វមួយ នៅខេត្តសៀមរាបដើម្បីអប់រំផ្សព្វផ្សាយពីការអភិរក្សសត្វនិង ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ គ្រោងនឹងបើកដំណើរការនៅខែតុលាខាងមុខនេះ។
បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ហិកតា ក្នុងចំណោមផ្ទៃដីសរុបទំហំ ២២ហិកតា ដែលមានទីតាំងស្ថិតនៅក្នុង ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ម៉េង ហៀង នាយកចាត់ការទូទៅនៃក្រុមហ៊ុនអង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានសាង សង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើ គោកសម្រេចបានប្រមាណ ៧០%។
លោកបានបន្តថា បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទសត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។ គម្រោងបានចំណាយប្រមាណជា ១៨លានដុល្លារសម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹងបើសម្ពោធឲ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា គម្រោងសួនសត្វនេះ ពិតជាមានសារសំខាន់ណាស់ ហើយក៏ចាត់ទុកជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប ដែលជាខេត្តប៉ូលសេដ្ឋកិច្ចជាតិសម្រាប់វិស័យទេសចរណ៍។
លោកបានបន្ថែមថា សួនសត្វ មិនគ្រាន់តែជាចំណីចក្ខុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងថែរក្សា ការពារប្រភេទសត្វព្រៃ និងមច្ឆជាតិកម្ពុជាដែលជិតផុតពូជ និងខ្លះមានដោយកម្រ។ ម្យ៉ាងទៀត ជាកន្លែងផ្សព្វផ្សាយ អប់រំ និងយល់ដឹងបានស៊ីជម្រៅអំពីគ្រប់ប្រភេទសត្វដល់យុវជនកម្ពុជាជំនាន់ក្រោយ និងបម្រើវិស័យទេសចរណ៍នាពេលអនាគតដ៏ខ្លី។
លោកបានបញ្ជាក់ថា៖«យើងបានគាំទ្រ និងលើកទឹកចិត្តឲ្យក្រុមការងារជំនាញដែលកំពុងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសេសសល់ ឲ្យបានទាន់ពេល ដើម្បីឲ្យគម្រោងបើកសម្ពោធដំណើរការបានជោគជ័យ។ សួនសត្វ ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលដើម្បីពិនិត្យលើការងារអភិរក្សសត្វ ការថែរក្សា និងបង្កាត់ពូជផងដែរ»។