ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថាវានឹងទទួលបានកំណើនជិត ៤ភាគរយ ក្នុងឆ្នាំ២០២១បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយ ក្នុងឆ្នាំ២០២០។ យ៉ាងណាក្តី ការរើបឡើងវិញនេះមានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀតដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ ធនាគារពិភពលោកបាននិយាយដូច្នេះនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះទៅការរើបឡើងវិញ។
យោងតាមរបាយការណ៍របស់ធនាគារនៅចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ខណៈដែលវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិតក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។
សម្រាប់អាជីវកម្មបោះដុំនិងលក់រាយបានប្រឹងរើបឡើងវិញយឺតៗដែរនៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ។
«ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំងក្នុងនោះទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់វីរុស និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ»។ នេះបើយោងតាមធនាគារនេះ។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថាៈ “ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោកដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងប្រទេសបានជាង៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់។” លោកស្រីបានបន្ថែមទៀតថា៖ “ធនាគារពិភពលោកនៅតែបន្តធ្វើការជាមួយកម្ពុជាដើម្បីជួយប្រទេសនេះបន្ថែមទៀតក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។”
របាយការណ៍ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរដែលក្នុងនោះអាចថាកម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច តាមការព្យាករណ៍ នឹងមានកំណើនតែ ១ភាគរយ ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។
របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុស និង ការស្លាប់ ឱ្យមានប្រសិទ្ធភាពបន្តទៀត។
«ដោយសារតែកម្ពុជានៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋាភិបាលអាចបន្តការគាំទ្រដល់កម្មវិធីសង្គ្រោះ, ស្តារឡើងវិញ និងកំណើន ដោយធ្វើការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ, ផ្តល់កម្មវិធីគាំពារសង្គម និងជំរុញការវិនិយោគសាធារណៈ និងកំណើនសេដ្ឋកិច្ចដែលគិតគូរដល់អ្នកក្រីក្រ។ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋាភិបាលត្រូវបន្តតាមដានឱ្យបានដិតដល់លើភាពងាយរងគ្រោះដែលអាចបណ្តាលមកពីការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និង ការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង» នេះបើយោងតាមធនាគារពិភពលោក៕