ភ្នំពេញ៖សហគ្រិនខ្មែរ ដែលជាស្ថាប័នផ្ដល់មូលនិធិដោយរដ្ឋាភិបាល និងសភាពាណិជ្ជម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) បានចូលក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ និងបង្កើតប្រព័ន្ធប្រកបដោយនិរន្តរភាព និងដែលអាចធ្វើការងារបានសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។
កិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះចុះហត្ថលេខាដោយលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ និងលោក អាន់តូនី ហ្គាលីយ៉ាណូ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី៣ខែកញ្ញានៅសណ្ឋាគារROSEWOOD PHNOM PENH។
អនុស្សរណៈយោគយល់គ្នានេះនិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្ពោះទៅរកភាពរស់រវើកនិងច្នៃប្រឌិតដែលជាកម្លាំងចលករមួយក្នុងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។
អនុស្សរណៈយោគយល់គ្នានេះបានភ្ចាប់មកជាមួយកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាការរៀបចំបណ្តុះបណ្តាលការរៀបចំសិក្ខាសាលាការផ្គូផ្គងអាជីវកម្មការផ្សព្វផ្សាយពាណិជ្ជកម្មព្រឹត្តិការណ៍ប្រកួតប្រជែងនិងការផ្សព្វផ្សាយវប្បធម៌សហគ្រិនរួមគ្នា។
ស្ថិតក្រោមMoU នេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នឹងផ្តល់នូវការពង្រឹងសមត្ថភាព ផ្តល់ការណែនាំ និងការចែករំលែកព័ត៌មានអំពីអាជីវកម្មអាមេរិកនៅក្នុងប្រទេសកម្ពុជា ទាំងនេះគឺជា ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នា។
លោកឈៀងវណ្ណមុនិណ្ឌនាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានឲ្យដឹង ភាពជាដៃគូទីផ្សារវាងសហគ្រិនខ្មែរ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិក (AmCham) នឹងផ្ដល់ការបង្កើនល្បឿននៃបេសកកម្មរបស់យើងក្នុងការគាំទ្រដល់ប្រព័ន្ធអេកូសហគ្រិនភាព។
លោកថ្លែងថា៖ «ជាមួយនឹងអនុស្សរណៈយោគយល់គ្នានេះសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ដែលជាដៃគូថ្មីនឹងរួមចំណែកយ៉ាងសំខាន់ចំពោះចក្ខុវិស័យរបស់យើងក្នុងការក្លាយជាវេទិកាជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព”។
លោក Anthony Galiano បានឲ្យដឹងថា កិច្ចសហការគ្នានេះ AmChamber នឹងផ្ដល់អ្នកជំនាញ និងធនធាន ដើម្បីជួយ និងគាំទ្រសម្រាប់កែលម្អSMEs និងធុរកិច្ចបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងចាប់យកឱកាសនេះប្រកបដោយការប្ដេជ្ញាចិត្ត ក្នុងការរួមគ្នាជាមួយសហគ្រិនខ្មែរ ក្នុងការផ្ដល់ធនធាន អ្នកជំនាញ និងបណ្ដាញដើម្បីអភិវឌ្ឍ និងលើកកម្ពស់ទីផ្សារអាជីវកម្ម និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រធុរកិច្ចបង្កើតថ្មី សហគ្រិន និង SMEs។ យើងប្ដេជ្ញាចិត្តចំពោះការចូលរួមសកម្មភាពនិងលទ្ធផលក្នុងការគាំទ្រសហគមន៍អាជីវកម្ម និងទីផ្សារ យើងប្រតិបត្តិការដើម្បីភាពល្អប្រសើររបស់សមាជិកភាពរបស់យើង និងប្រទេសកម្ពុជា»៕