(ភ្នំពេញ)៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានសកម្មក្នុង ការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចពេញទំហឹង ដែលផ្តោតលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។
ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពី «ការផ្សព្វផ្សាយ ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ជូនស្ថានតំណាងកម្ពុជានៅបរទេស» ដែលរៀបចំឡើងក្រោម អធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពី ឯកអគ្គរាជទូត មន្ត្រីការទូត និងមន្ត្រីអន្តរក្រសួងប្រមាណជាង ២០០នាក់។
នៅក្នុងឱកាសនោះដែរឯកឧត្តម សុខ ចិន្តាសោភាក៏បានសន្យាផ្តល់កិច្ចសហការជូន ព័ត៌មានទាក់ទង នឹងច្បាប់វិនិយោគថ្មីដល់ស្ថានទូត ឱ្យបានឆាប់រហ័សតាមលទ្ធភាពជាក់ស្តែង សំដៅចូលរួមជំរុញយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ចកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹងពី សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់អទិភាព មួយនៃគោលនយោបាយការបរទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មប្រភពកំណើន និងដៃគូសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
សូមជម្រាបថា សិក្ខាសាលាថ្ងៃនេះ គឺជាកិច្ចសហការរៀបចំលើកដំបូងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីច្បាប់វិនិយោគថ្មី ដែលមានភាពបត់បែន តម្លាភាពខ្ពស់ និងផ្តល់នូវការលើកទឹកចិត្តច្រើនបំផុតសម្រាប់វិនិយោគិនគ្រប់ជាតិសាសន៍ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕